ខេត្តពោធិ៍សាត់៖ នាថ្ងៃចន្ទ ០៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យការអនុវត្តគម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ «ផ្លូវវៀងក្រុងពោធិ៍សាត់» និងចុះពិនិត្យគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកស្អុយ និងអាងប្រព្រឹត្តកម្មទឹកខ្វក់ ដែលមានផ្ទៃដីប្រមាណជា៣ហិកតា ស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ក្នុងដំណើរចុះពិនិត្យ មានការអញ្ជើញចូលរួមពី លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត ប្រធានមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្ត អាជ្ញាធរក្រុង និងតំណាងក្រុមហ៊ុនដែលពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងថ្ងៃដដែលនោះ ដែរឯកឧត្តម ម៉ៅ ធនិន្ទ រួមទាំងប្រតិភូអមដំណើរ បានបន្តចុះពិនិត្យការដ្ឋានស្ថាបនាសាលប្រជុំរដ្ឋបាលខេត្ត ដែលអាចផ្ទុកមនុស្សរហូតដល់ជាង៩០០នាក់ នៅបរិវេណសាលាខេត្តពោធិ៍សាត់ផងដែរ៕