រដ្ឋាភិបាលប្រទេសឡាវ បានប្រកាសកាន់មរណទុក្ខរយៈពេល២ថ្ងៃ ដើម្បីជាការគោរពដល់សពប្រធានាធិបតីវៀតណាមលោក ត្រាន់ ដាយ ក្វាង។បើតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមរាយការណ៍កាលពីថ្ងៃចន្ទទី២៤កញ្ញា ឡាវនឹងធ្វើការកាន់ទុក្ខផ្លូវរដ្ឋចាប់ពីម៉ោង៦ព្រឹកថ្ងៃពុធទី២៦កញ្ញា ដល់ម៉ោង៦ល្ងាចថ្ងៃព្រហស្បតិ៍ ដោយក្នុងអំឡុងពេលនេះបណ្តាអាគាររដ្ឋាភិបាល យោធានិងសាធារណៈនឹងបង្ហោះទង់ជាតិត្រឹមពាក់កណ្តាលដង និងមិនមានព្រឹត្តិការណ៍កម្សាន្តសប្បាយជាសាធារណៈទេ។វៀតណាម បានបង្កើតទំនាក់ទំនងការទូតជាមួយឡាវនៅឆ្នាំ១៩៦២ ។
ប្រធានាធិបតី ក្វាង បានទទួលមរណភាពកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅមន្ទីរពេទ្យយោធាក្នុងក្រុងហាណូយ ក្រោយពីស៊ូទ្រាំនឹងជម្ងឺធ្ងន់ធ្ងរម្យ៉ាងអស់ពេលជាងមួយឆ្នាំ។សពរបស់លោកនឹងត្រូវបញ្ចុះនៅខេត្តកំណើតនិញប៊ីញ ខាងត្បូងក្រុងហាណូយនៅរសៀលថ្ងៃព្រហស្បតិ៍។
ក្រោយលោកក្វាងទទួលមរណភាព អនុប្រធានាធិបតីលោកស្រី ដាង ធី ង៉ុក ធីញ ត្រូវបានតែងតាំង ជាប្រធានរដ្ឋនិងប្រធានាធិបតីស្តីទី ។សភាជាតិវៀតណាមបានប្រកាសការតែងតាំងនេះកាលពីថ្ងៃអាទិត្យ ដោយសំអាងខច្បាប់ចែងក្នុងរដ្ឋធម្មនុញ្ញ និងការសំរេចពីការិយាល័យនយោបាយ។
ធីញ អាយុ ៥៩ឆ្នាំ ជាមនុស្សមកពីខេត្តក្វាងណាមភាគកណ្តាល។លោកស្រីមានសញ្ញាបត្រអនុបណ្ឌិតខាងវិទ្យាសាស្រ្តនយោបាយនិងបរញ្ញាបត្រខាងច្បាប់និងប្រវត្តិសាស្រ្ត។លោកស្រីធ្វើជាប្រធានាធិបតីស្តីរហូតដល់សភាជាតិធ្វើការជ្រើសរើសប្រធានាធិបតីថ្មីផ្លូវការនៅសម័យប្រជុំនាថ្ងៃ២២តុលា៕
0
រដ្ឋាភិបាលឡាវ ប្រកាសកាន់ទុក ទូទាំងប្រទេស លើមរណៈភាពរបស់មេដឹកនាំវៀតណាម
Filed in: ព័ត៌មានថ្មីៗ