ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃពុធ ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ អមដំណើរ ឯកឧត្ដម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរ និងទទួល ស្គាល់ប្រធានក្រុម ប្រឹក្សាឃុំ មេឃុំ ជំទប់ទី១ ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ នៃឃុំព្រៃនប់ ដែលប្រារព្ធធ្វើឡើងនៅសាលាឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ បុគ្គលិករដ្ឋបាលឃុំ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ តំណាងអង្គការសង្គមស៊ីវិល ដៃគូរអភិវឌ្ឍ និងប្រជាពលរដ្ឋមូលដ្ឋាន ជាច្រើនរូបផងដែរ ។
ក្នុងពិធីនោះឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ប្រធានក្រុមប្រឹក្សាឃុំ ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន សម្រេចបាននូវសមិទ្ធិផលជាច្រើនសម្រាប់ជាផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ហើយសមិទ្ធិផលទាំងនោះ គឺជាមូលដ្ឋាន សម្រាប់ក្រុមប្រឹក្សាឃុំ បន្តពង្រីក និងពង្រឹងបន្ថែមទៀតដើម្បីអភិវឌ្ឍឃុំ ភូមិរបស់ខ្លួន។
ជាមួយគ្នានេះ ឯកឧត្ដម បានអបអរសាទរចំពោះលោក តេង រីតា ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំព្រៃនប់ លោកស្រី ទួន សុខុន ជំទប់ទី១ លោក ពេត បូ ជំទប់ទី២ លោក តៀង តូនី ជាសមាជិកក្រុមប្រឹក្សាឃុំ និងលោក ញ៉ែម ជឿន ជាសមាជិកក្រុមប្រឹក្សាឃុំ ដែលត្រូវទទួលស្គាល់ស្របតាមប្រកាសលេខ ២៨៨៣ ប្រ.ក.ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២០ របស់ ក្រសួងមហាផ្ទៃត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដោយឈរលើមូលដ្ឋានច្បាប់គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តដែលមានចែងជាធរមាន និងសូមប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ ” ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ” និងបាវចនាពីរគឺ ” កែទម្រង់ខាងក្នុង ” និង ” បង្កើតមិត្តខាងក្រៅ ” ដោយសា្មរតីឯករាជ្យ។
ជាមួយគ្នានេះដែរឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើរដល់ប្រធានក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ទី១ ជំទប់ទី២ និងសមាជិកក្រុម ប្រឹក្សាឃុំដែលទើបទទួលការងារថ្មីដើម្បីជាមូលដ្ឋានក្នុងការចាប់ផ្តើមអនុវត្តការងារបំរើសេវាសាធារណ:ជូនប្រជាពលរដ្ឋ ហើយឯកឧត្តមក៏បានធ្វើការផ្សព្វផ្សាយពីការអនុវត្តកម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ ជូនពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺ កូវីដ-១៩» របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕