ភ្នំពេញ៖លោក កែវ រដ្ឋវិទ្យា ជាប៉ូលិសមួយរូបក្នុងខណ្ឌមានជ័យ ស្នើសុំឱ្យក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ ចាត់ការលើលោកតេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ ដែលកាងបទល្មើសគ្រឿងញៀន និង ដោះលែងជនល្មើសគ្រឿងញៀនជាថ្នូរនឹងលុយរាប់រយដុល្លារ ។
លោកកែវ រដ្ឋវិទ្យា លេងគណនីហ្វេសប៊ុកឈ្មោះ Vit Yea សរសេរនៅយប់ថ្ងៃទី២៥ ខែកញ្ញា ថា ខ្ញុំសូមបដិសេធទាំងស្រុង ដែលលោកអធិការ តេង ស៊ីណូ ដែលគាត់ ថាខ្ញុំផ្ទុះអាវុធ ដោយសារស្រវឹង ។
“ខ្ញុំសូមបញ្ជាក់ថា គោលដៅនេះជាតំបន់សំណង់មិនរៀបរយ សំបូរទៅដោយបទល្មើសគ្រឿងគ្រឿងញៀន និងកន្លែងបើកល្បែងស៊ីសងខុសច្បាប់ ជាពិសេសហ្គេមបាញ់ត្រី ។ មូលហេតុគឺ ខ្ញុំទទួល ព័ត៌មានថាមានការជួញដូរគ្រឿងញៀន នៅទីនោះ ទើបខ្ញុំចុះទៅម្នាក់ឯង ឃើញជាក់ស្តែងក៏បានផ្ទុះអាវុធពិតប្រាកដមែន ព្រោះតែយប់ងងឹតនិងភូមិសាស្ត្រស្មុគស្មាញ តែសំណាងអាក្រក់អីខ្ញុំត្រូវបាន អធិការរូបនេះហៅមកសួរចម្លើយ ដោយចោទថាខ្ញុំទៅផ្ទុះអាវុធដោយគ្មានបទបញ្ជា ទៅវិញហើយត្រូវគាត់ស្តីបន្ទោសយ៉ាងខ្លាំង។
លោក កែវ រដ្ឋវិទ្យា បន្តថា”ធាតុពិតគឺកន្លែងដែលខ្ញុំផ្ទុះអាវុធនោះគឺ មិនត្រឹមតែជាតំបន់គ្រឿងញៀនទេ វា មានទីតាំងហ្គេមបាញ់ត្រី ដែលជាទីតាំងដែលផ្តល់ផលប្រយោជន៍ឱ្យមេប៉ុស្តិ៍ និង អធិការ ទើបខ្ញុំត្រូវគេស្តីបន្ទោសយ៉ាងចាស់ដៃបែបនេះ និងត្រូវបានគាត់គំរាមថាចង់សុខ ឬចង់មានរឿង ព្រមទាំងឲ្យខ្ញុំលុបថាមិនមានបទល្មើសគ្រឿងញៀននៅតំបន់នោះទេ និងត្រូវសរសេរសារសុំទោសជាសាធារណៈវិញថាមិនមានបទល្មើសគ្រឿងញៀនទេវាជាការយល់ច្រលំទេ”។
“ខ្ញុំសូមឱ្យថ្នាក់លើក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការនគរបាលជាតិជួយ រកយុត្តិធម៌ ដល់ រូប ខ្ញុំផង ហើយ សូមឱ្យថ្នាក់លើចុះ ស៊ើបអង្កេត ថាតើម្តុំនឹង ជាតំបន់អ្វី? មានអ្វី ខ្លះ? ហើយសុខៗខ្ញុំ ទៅកន្លែងនឹងធ្វើអី បើគ្មានព័ត៌មានច្បាស់នោះ ។ គាត់ថាជារូបចាស់ គឺពិតជារូបចាស់មែន តែខ្ញុំគ្រាន់តែ ចង់បង្ហាញពីស្នាដៃ ដែលខ្ញុំខំប្រឹង ប្រែងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រខណ្ឌមានជ័យកន្លងមកតែប៉ុណ្ណោះ។
ទាល់តែជិះជួបពួកជនល្មើសតាមផ្លូវវិញ ទើបដឹងថាគេលែងបាត់ ។ ដោយក្នុងនោះខ្ញុំដឹងថា មេប៉ុស្តិ៍យកទៅចែកគ្នាជាមួយអធិការ ។ ករណីនេះសូមថ្នាក់ដឹកនាំទាំងអស់ជួយស៊ើបអង្កេតករណីនេះផង ។ ( នគររាជ )