(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចាកចេញពីប្រទេសជប៉ុន ឆ្ពោះទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមជំនួបប្រជុំថ្នាក់ដឹកនាំអាស៊ាន ចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០១៨ នៅកោះបាលីតបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី។
នៅក្នុងកិច្ចជំនួបថ្នាក់ដឹកនាំអាស៊ាននេះ នឹងប្រព្រឹត្តទៅក្រោមមូលបទ «ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងភាពជោគជ័យក្នុងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ តាមរយៈសកម្មភាពកិច្ចសហប្រតិបត្តិការតំបន់ និងសកលលោក» ស្របជាមួយនឹងកិច្ចប្រជុំពេញអង្គប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាអភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) ឆ្នាំ២០១៨។
តាមកម្មវិធី ដែលបានគ្រោងទុក រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ទើបសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញវិលត្រលប់មកដល់ភ្នំពេញវិញ។
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចាកចេញពីកម្ពុជា ទៅកាន់ប្រទេសជប៉ុន កាលពីព្រឹកថ្ងៃសៅរ៍ ទី០៦ ខែតុលា ឆ្នាំ២០១៨ ដើម្បីចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន រួមទាំងកិច្ចប្រជុំដទៃទៀត។
ក្រសួងការបរទេស បានប្រកាសថា តបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅចូលរួមជំនួបថ្នាក់ដឹកនាំអាស៊ាន នៅថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០១៨ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។
សេចក្តីប្រកាស លើកឡើងថា ជំនួបថ្នាក់ដឹកនាំអាស៊ាននេះ នឹងប្រព្រឹត្តទៅក្រោមមូលបទ «ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព និងភាពជោគជ័យក្នុងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ តាមរយៈសកម្មភាពកិច្ចសហប្រតិបត្តិការតំបន់ និងសកលលោក» ស្របជាមួយនឹងកិច្ចប្រជុំពេញអង្គប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាអភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ឆ្នាំ២០១៨។
ក្រសួងការបរទេស លើកឡើងថា លោក Petteri Orpo ប្រធានកិច្ចប្រជុំប្រចាំឆ្នាំ លោកជំទាវ Christine Lagarde អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ និងលោក Jim Yong Kim ប្រធានធនាគារពិភពលោក ក៏បានអញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រី ជាភ្ញៀវកិត្តិយសពិសេស នៅក្នុងពិធីកិច្ចប្រជុំពេញអង្គប្រចាំឆ្នាំ នៅថ្ងៃទី១២ ខែតុលា ផងដែរ។
ក្រសួងការបរទេស លើកឡើងថា សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងត្រូវអមដំណើរដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សមាជិកជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
សេចក្តីប្រកាសរបស់ក្រសួងការបរទេស បន្តថា នៅក្នុងឱកាសនៃកម្មវិធីជំនួបថ្នាក់ដឹកនាំអាស៊ាននោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាគន្លឹះ ស្តីពីភាពរឹងមាំនៃសេដ្ឋកិច្ចអាស៊ាន ទីផ្សារដ៏មានសក្តានុពល បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងគោលដៅអភិវឌ្ឍន៍សហស្សវត្ស។
សេចក្តីប្រកាស លើកឡើងថា ថ្នាក់ដឹកនាំអាស៊ាននឹងប្រើប្រាស់ឱកាសនេះ ដើម្បីផ្លាស់ប្តូរទស្សនៈ និងបង្កើនទំនាក់ទំនងថែមទៀត ជាមួយអគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ ប្រធានធនាគារពិភពលោក និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងការបង្កើតឡើងនូវកំលាំងសរុបរវាងកិច្ចប្រឹងប្រែងថ្នាក់ជាតិ អាស៊ាន និងស្ថាប័នហិរញ្ញវត្ថុសកល ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ ទាក់ទងដល់ការពង្រឹងស្ថិរភាពហិរញ្ញវត្ថុនៅក្នុងតំបន់ និងការបង្កើនល្បឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសមាហរណកម្មតំបន់៕
By នគររាជ ( កែវ ភត្រា )