ខេត្តឧត្តរមានជ័យ៖ យោងតាមប្រភពពីសមត្ថកិច្ចក្នុងស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានអោយដឹងថា៖ កន្លងមកមន្រ្តីអាវុធហត្ថឈ្មោះ យ៉ុង គីមម៉េង ក៏ធ្លាប់ជាឈ្មួញឈើគ្រញូងដ៏មានឥទ្ធិពលមួយរូប ដែលជ្រកក្រោមអំណាចស្បែកអាវុធហត្ថ។ ហើយមន្រ្តីអាវុធហត្ថរូបនោះ នៅតែបន្តធ្វើសកម្មភាពជួញដូរបទល្មើសឈើព្រមទាំងបានគាងគរពលរដ្ឋខ្មែរអោយឆ្លងដែនចូលទៅកាប់ឈើធ្នង់ក្នុងទឹកដីថៃ ដើម្បីលក់អោយខ្លួន ជាយូរច្រើនឆ្នាំមកហើយ។
ប្រភពច្បាស់ការណ៍បនឲ្យដឹងថា មន្រ្តីកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ម្នាក់ ត្រូវបានគេស្គាល់ឈ្មោះ យ៉ុង គីមម៉េង មានឋានន្តរសក្ដិជាអនុសេនីយ៍ឯក ប្រចាំទិសស្រុកអន្លង់វែង ប្រើអំណាចជាសមត្ថកិច្ចស្បែកយោធាបង្ក្រាបបទល្មើស ទៅការពារជំនួញឈើ របស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំ ទើបតែបែកធ្លាយឃ្លីបវីដេអូ។
ប្រភពបន្តឲ្យដឹងទៀតថា៖ សព្វថ្ងៃ ឈ្មួញរូបនេះ នៅតែបន្តកេណ្ឌពលរដ្ឋខ្មែរឲ្យឆ្លងដែនដដែល បើសិនប្រជាពលរដ្ឋណាដែលមិនលក់ឈើអោយខ្លួនច្បាស់ណាស់គេ នឹងបង្ក្រាបដោយមិនលើកលែងនោះឡើយ។ ព្រោះដោយសារតែលោកមានតួនាទីជាសមត្ថកិច្ច ទើបធ្វើអោយកងកម្លាំងប្រដាប់អាវុធនៅតាមបន្ទាត់ព្រំដែន និងសមត្ថកិច្ចជំនាញ មិនហ៊ានប៉ះពាល់ ចំពោះឈ្មួញឈើនាំពលករឆ្លងដែននេះដែរ។
ប្រភពពីសមត្ថកិច្ចដ៏ដែលបានលើកឡើងថា៖ បើទោះបីជា ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការបង្ក្រាបបទល្មើសព្រៃឈើទូរទាំងប្រទេស ធ្វើអោយឈ្មួញ ឈើដែលពាក់អាវយោធា នៅតែមានសេរីភាពក្រៅផ្លូវច្បាប់ដដែល។
លោក យ៉ុង គីមម៉េង មានតួនាទីជាសមត្ថកិច្ចបង្ក្រាបបទល្មើស ហើយក៏ជាឈ្មួញឈើផង និងមានប្អូនបង្កើតម្នាក់ទៀតឈ្មោះ យ៉ុង គីមហេង ហៅ ទី ដែលកាន់កាតសារព័ត៌មាន សព្វថ្ងៃបានបើករថយន្តទាំងយប់ទាំងថ្ងៃប្រដេញរថយន្តយ៉ាងអនាធិបតេយ្យ ធ្វើអោយប្រជាពលរដ្ឋ មានការខ្លាចរអារជាខ្លាំង នៅពេលដែលលឺឈ្មោះមន្រ្តីអាវុធហត្ថរូបនេះ និងប្អូនបង្កើតឈ្មោះ យ៉ុង គីមហេង បាន គៀបសង្កត់លើប្រជាពលរដ្ឋរកស៊ីតូចតាច និងជាពិសេសរថយន្តដឹកឈើសប្បិកម្មកែច្នៃ។
តាមរូបភាពវីដេអូ បានបង្ហាញពីសកម្មភាពជាក់ស្តែងរបស់មន្រ្តីកងរាជអាវុធហត្ថឈ្មោះ យ៉ុង គីមម៉េង កំពុងឈរកត់បញ្ជីចំនួនឈើ ខណៈដែលមានកម្មករ និងបងថ្លៃម្នាក់ទៀត កំពុងលើកឈើធ្នង់ ដាក់លើជញ្ជីញថ្លឹងឈើ និងលើកឈើដាក់រថយន្តរបស់ខ្លួនម៉ាកនីសាន់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ខម ០៤៦៦។ ហើយកន្លង មកមន្រ្តីអាវុធរូបនេះ តែងតែបដិសេធថា ខ្លួនមិនដែលរកស៊ីបទល្មើសអ្វីទាំងអស់។
គ្រប់មជ្ឈដ្ឋានក្នុងខេត្តឧត្តរមានជ័យ កុំពុងរងចាំមើលថា តើ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ គិតយ៉ាងណា?
ក្រោយពីបានឃើញបែកធ្លាយ (វីដេអូ) ដែលមន្រ្តីអាវុធហត្ថប្រចាំទិសស្រុកអន្លង់វែងម្នាក់នេះ ជាឈ្មួញរកស៊ីបទល្មើសព្រៃឈើផង និង នាំពលរដ្ឋខ្មែរលួចឆ្លងដែនខុសច្បាប់ទៅកាប់ឈើក្នុងទឹកដីថៃផង ដែលជា ហានិភ័យប្រឈមមុខ នឹងការចាប់ដាក់គុក ការបាញ់សម្លាប់ ពីសំណាក់កងទាហានថៃ៕