ខេត្តតាកែវ៖ នាព្រឹកថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំអាគារច្រកចេញចូលតែមួយខេត្តតាកែវ មានរៀបចំពិធី”ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល តែងតាំងលោកឧត្តមសេនីយ៍ទោ សុខ សំណាង ពីស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ តែងតាំងលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ពីស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាស្នងការ ស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ។ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ គណៈប្រតិភូអមដំណើរ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកស្នងការនគរបាលខេត្ត កណ្តាល កំពង់ស្ពឺ កំពត ព្រះសីហនុ លោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ណែនាំ ផ្តាំផ្ញើមកកាន់លោកស្នងការថ្មី ត្រូវចេះរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ បន្តការដឹកនាំអង្គភាពឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ ពង្រឹងសមត្ថភាពជំនាញនគរបាល បន្តកិច្ចការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងផ្តល់សេវាតម្រូវការសាធារណៈឲ្យទាន់ពេលវេលា និងបានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់លោកស្នងការចាស់ កាន់តំណែងជាស្នងការនគរបាលខេត្តតាកែវ អស់រយៈពេល៤ឆ្នាំ ៤ខែ ១៧ថ្ងៃលើការងារ ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តតាកែវទាំងមូលទទួលបានលទ្ធផលល្អប្រសើរ ការងារអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩ អ.ន.ក្រ .បក.ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០បានល្អ ការងារយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺ(កូវីដ-១៩) ការងារកិច្ចសហប្រតិបត្តិការរឹតបន្តឹងការចេញចូលតាមខ្សែបន្ទាត់ព្រំដែនបានល្អ ការងារកសាងអង្គភាពមានការរីកចម្រើនគួរឲ្យគាត់សំគាល់ព្រមទាំងបានឧត្ថម្ភថវិកាមួយចំនួន ម៉ូតូចំនួន ៤គ្រឿង និងសម្ភារៈប្រើប្រាស់បម្រើឲ្យការងារជំនាញមួយចំនួនរួមមានៈ អាវកាក់ចរាចរណ៍ចំនួន ៥០អាវ អាវកាក់អន្តរាគមន៍ចំនួន ៥០អាវ ដំបងពិលបញ្ជាចរាចរណ៍ចំនួន ៥០ ។ ពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នាពេលនេះត្រូវបានធ្វើឡើងដោយអនុវត្តតាមវិធានការក្រសួងសុខាភិបាលយ៉ាងម៉ត់ចត់ និងការធ្វើតេស្តរហ័ស(Rapid Test)សម្រាប់សមាជិក សមាជិកា ដែលបានចូលរួម ស្របតាមប្រសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ(COVID-១៩) និងត្រូវបន្តអនុវត្តតាមវិធានការក្រសួងសុខាភិបាល នឹងជាពិសេសវិធានការ ៣កុំ ០៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕