ខេត្តកំពង់ធំ÷ មានសេចក្តីរាយការណ៍ពីប្រជានេសាទ បានឲ្យដឹងថា មានជនជាតិយួនបានប្រើទូកធំៗជាច្រើនគ្រឿងអូសយ៉ាំងកាវភ្ជាប់ឧបករណ៍ឆក់ត្រជាក់ចាប់ត្រីរាប់សិបតោនក្នុងមួយថ្ងៃៗ ដោយគ្មានមន្ត្រីជំនាញ និងសមត្ថកិច្ចណាបង្រ្កាបឡើយ ។
ផ្ទុយទៅវិញលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង និងលោក ហុក ម៉ន់ នាយរងសង្កាត់ជលផលពាមបាង ព្រមទាំងមន្ត្រីបរិស្ថានប្រចាំនៅតំបន់ពាមបាង ជាអ្នកឃុបឃិតប្រព្រឹតអំពេីរពុករលួយបេីកដៃឲ្យជនជាតិយួន ប្រើនូវឧបករណ៍ខុសច្បាប់ចាប់ត្រីខ្មែរយ៉ាងមហន្តរាយ។
ចំណែកលោក ជិន ស៊ីថា នាយខណ្ឌជលផលខេត្ត និងលោក ប៉ែន វណ្ណរិទ្ធប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ នៅតែបណ្តោយឲ្យមន្ត្រីរដ្ឋបាលជលផលប្រចាំតំបន់បឹងទន្លេសាប ឃុំពាមបាង ស្រុកស្ទោង ធ្វើអ្វីៗតាមតែទំនើងចិត្ត។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងទៀតថា បច្ចុប្បន្នសកម្មភាពអូសយ៉ាំងកាវភ្ជាប់ឧបករណ៍ឆក់ត្រជាក់កើតឡើងយ៉ាងពេញបន្ទុកក្នុងផ្ទៃបឹងទន្លេសាប ចំនុះមុខបាឡត ឃុំពាមបាង ស្រុកស្ទោង នោះគេបានស្គាល់យ៉ាងច្បាស់ថាវាជាជនជាតិយួនឈ្មោះ(អាចេង)មូលហេតុដែលវាបង្កមហន្តរាយបាន ព្រោះមានការបើកដៃពីសំណាក់មន្ត្រីខិលខូចជ្រោកក្រោមស្លាករដ្ឋបាលជលផល បរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ។
ប្រជានេសាទបានអះអាងថា ការបង្ក្រាបបទល្មើសនេសាទក្នុងតំបន់បាឡត នាពេលកន្លងមកបានត្រឹមតែធ្វើឲ្យល្អមើលប៉ុណ្ណោះ ព្រោះក្រោយពេលបង្ក្រាប បទល្មើសនៅតែកើតឡើងពេញបន្ទុកដដែល។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក ពុំ សុថា មេត្រីនៃក្រសួងកសិកម្ម ត្រូវចាត់វិធានការបង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប ឃុំពាមបាង នេះប្រកបដោយប្រសិទ្ធភាព។
តាមការបង្ហើបពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ បានឲ្យដឹងទៀតថា ប្រសិនបើគ្មានការបើកដៃពីលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ទេនោះគឺមន្ត្រីរដ្ឋបាលជលផលប្រចាំតំបន់ពាមបាង ស្រុកស្ទោង មិនហ៊ានបណ្តោយឲ្យបទល្មើសនេសាទកើតឡើងយ៉ាងគំហុកនោះទេ។ ហេតុនេះហើយលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក ពុំ សុថា មេត្រីនៃក្រសួងកសិកម្ម ត្រូវមានការពិនិត្យឡើងវិញជាបន្ទាន់ កុំឲ្យមើលរំលងតទៅទៀត៕
(គេហទំព័រ ពន្លឺសន្តិភាព)