ខេត្តប៉ៃលិន ៖ ឧត្តមសេនីយ៍ត្រី សួស សុខដារ៉ា អនុប្រធាន នាយកដ្ឋាន ច្រកទ្វារទី១ នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងជាប្រធាន ច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន បានប្រើជំនាញនិងអំណាច ប្រមូលលុយពីក្រុមឈ្មួញ រកស៊ីនាំចូលទំនិញ តាមរបៀបពុករលួយ ដូចដែល ក្រុមឈ្មួញមួយចំនួន បានលើកឡើងថា កូនចៅរបស់ ឧត្តមសេនីយ៍ត្រី សួស សុខដារ៉ា តម្រូវឲ្យបង់លុយ ថ្លៃក្បាលឡានតាមតែអំពើចិត្ត ហើយករណីខ្លះ ធ្វើតឹងតែងជាង ជំនាញគយ ដែលមានភារកិច្ច ប្រមូលលុយ បង់ចូលជាថវិកាជាតិ។
ឧត្តមសេនីយ៍ត្រី សួស សុខដារ៉ា ត្រូវបានតែងតាំងជា ប្រធាននគរបាល អន្តោប្រវេសន៍ ប្រចាំច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ ដោយយោងតាម ប្រកាសរបស់ ក្រសួងមហាផ្ទៃ លេខ១៧៤៩ ( ប្រក ) ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤។ ក្រោមអំណាចរបស់ ឧត្តមសេនីយ៍ត្រី សួស សុខដារ៉ា គេសង្កេតឃើញថា ទំនិញគេចពន្ធ និងទំនិញខុសច្បាប់ ក៍ដូចជាម្ហូបអាហារ ខូចគុណភាពជាច្រើន ហូរចូលមក ប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិព្រំដែន ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន យ៉ាងអនាធិបតេយ្យបំផុត គ្មានសមត្ថកិច្ចណា បង្ក្រាបឡើយ។
ប្រភពបានឲ្យដឹងថា មេច្រកទ្វាអន្តរជាតិព្រំដែនដែលល្បីមាន ខ្នងបង្អែករឹងមាំ និងមានលុយ ខាប់ដូចទឹកគ្រឿង គឺជាអ្នកបោះមេ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ និងទំនិញខូចគុណភាព យ៉ាងពេញបន្ទុក ដូចជា ការនាំចូល អាហារខូចគុណភាព គ្រឿងបន្លាស់រថយន្ត ការនាំចូល ប្រេងសាំង ហ្គាសគេចពន្ធ ដូចហែកឋិន ដោយគ្មាន មន្ត្រីជំនាញណា បង្ក្រាប ទប់ស្កាត់ឡើយ។ មានការលើក ឡើងទៀតថា មានឈ្មួញជិត ១០នាក់ បានរកស៊ី នាំទំនិញ ចេញចូល នៅតាមច្រកព្រំដែន សុទ្ធតែមានទំនាក់ទំនងល្អ ជាមួយ ឧត្តមសេនីយ៍ត្រី សួស សុខដារ៉ា មិនដែលមាននរណា ហ៊ានប៉ះពាល់ទេ។
គួររំលឹកផងដែរថា កាលឧត្តមសេនីយ៍ត្រី សួស សុខដារ៉ា នៅកាន់តួនាទី ជាមេអន្តោប្រវេសន៍ ច្រកទ្វារចាំយាមនៅខេត្តកោះកុង ធ្លាប់ត្រូវបានអង្គភាព ប្រឆាំងអំពើពុករលួយ និងក្រសួងមហាផ្ទៃ កោះហៅមកព្រមាន ពីបទសង្ស័យ មានការជាប់ ពាក់ព័ន្ធ នឹងអំពើពុករលួយ តែដោយសារតែគាត់ នៅមានរាសីខ្ពស់ មិនត្រឹមតែ មិនត្រូវបានថ្នាក់លើ ដកហូត ពីមុខតំណែង និងដាក់ទោសទណ្ឌ ដូចមន្ត្រីតូចតាច ដទៃទៀតនោះទេ គឺឧត្តមសេនីយ៍ត្រី សួស សុខដារ៉ា ត្រូវបានថ្នាក់លើ តែងតាំង ជាប្រធាននគរបាល អន្តោប្រវេសន៍ នៅច្រកអន្តរជាតិព្រំដែនខេត្តប៉ៃលិន ហើយបន្តមកទៀត ត្រូវបានតែងតាំងជា អនុប្រធាន នាយកដ្ឋាន ច្រកទ្វារទី១ នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ យ៉ាងត្រជាក់ចិត្តបំផុត៕
គេហទំពរ័ ( ពន្លឺសន្តិភាព ) 096 7976005 _ 088 4777854