នាព្រឹកថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញ សម្ពោធបណ្ណាល័យទី១ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សា-វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ នៅក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក ស កក្កដា អភិបាលស្រុកព្រៃនប់ បានរាយការណ៍ថា បណ្ណាល័យ០១ខ្នងនេះ មានទទឹង៨ម៉ែត្រ និងបណ្តោយ១២ម៉ែត្រ ចាប់ផ្តើមសាងសង់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានបញ្ចប់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ដែលជាការផ្តួចផ្តើមរបស់លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន និងដោយមានការចូលរួមពីលោកអភិបាលស្រុកព្រៃនប់ និងបងប្អូន សប្បុរសជន។ សមិទ្ធផលថ្មីដែលទើបនឹងកើតឡើងនាពេលនេះជួយជំរុញដល់សិស្សានុ សិស្សឱ្យកាន់តែមានភាពងាយស្រួលក្នុងការសិក្សាស្រាវជ្រាវចំណេះដឹងបន្ថែម ក្រៅពី កាលវិភាគសិក្សារបស់សាលា។
ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអបអរសាទរចំពោះការបើក សម្ពោធបណ្ណាល័យ០១ខ្នងនេះ ជាចំណងដៃនៃការផ្តួចផ្ដើមសាងសង់របស់លោកជំទាវ អ៊ូ ធីតាពៅ ដែលបានបរិច្ចាគប្រាក់ខែមេធាវីរបស់លោកជំទាវ និងដោយមានការចូលរួមពី លោកអភិបាលស្រុកព្រៃនប់ ព្រមទាំងបងប្អួនសប្បុរសជនចំណាយអស់ថវិកាប្រមាណ ៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
បណ្ណាល័យ០១ខ្នងនេះ សាងសង់ឡើងសម្រាប់ឱ្យ សិស្សានុសិស្ស និស្សិត បញ្ញាវន្តរបស់យើងបានចូលអាន និងសិក្សាស្រាវជ្រាវបង្កើននូវ ចំណេះដឹងថ្មីៗ ពូនជ្រំបណ្តុះថ្នាល នៃការអានឱ្យមានគុណភាពខ្ពស់ សំដៅធានាការកសាង ធនធានមនុស្សដែលជាឆ្អឹងខ្នង នៃការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ។ សមិទ្ធផលបណ្ណាល័យ០១ខ្នងនេះបង្កើននូវចំណេះដឹង ចំណេះធ្វើជំនាញបច្ចេកទេស ច្បាស់លាស់ក្នុងការចាប់យកឱកាសការងារជំនាញរបស់ខ្លួន ស្របតាមតម្រូវការទីផ្សារនា ពេលបច្ចុប្បន្ននៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមក៏បានអំពាវនាវលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សត្រូវចូលរួមថែរក្សាបណ្ណា ល័យនេះឱ្យបានគង់វង្ស ព្រោះវាជាសម្បត្តិសាធារណៈរបស់យើង ព្រោះការសិក្សាស្រាវជ្រាវ ឯកសារថ្មី ដើម្បីបង្កើនចំណេះដឹងបន្ថែមទៀតនាំមកនូវភាពថ្លៃថ្នូរ និងរីកចម្រើនផ្នែក ចំណេះដឹង។ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងពីយុទ្ធនាការឃោសនា រកសម្លេងឆ្នោតរបស់គណបក្សនយោបាយ ស្របតាមរបបប្រជាធិបតេយ្យ សេរីពហុបក្ស និងបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅចូល រួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឱ្យបានគ្រប់គ្នានៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ៕