ខេត្តបាត់ដំបង ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាលេខ ០១ ប.ប ចុះថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៦ ចុះហត្ថលេខា ដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងហេតុផលបញ្ចៀសការប៉ះពាល់ដល់ចំណូលពន្ធរដ្ឋនិងការប្រកួតប្រជែងពាណិជ្ជកម្ម ។យោងតាមលិខិតបទបញ្ជាលេខ ០១ប.ប ខាងលើនោះ បានបញ្ជាដល់កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរដែនដី ឱ្យចូលរួមប្រតិបត្តិការបង្ក្រាបបទល្មើស និងសកម្មក្នុងការបើកប្រតិបត្តិការបង្ក្រាប ដែលនឹងចែកចេញជាពីរប្រភេទ គឺប្រភេទទី១ លំដាប់ថ្នាក់ជាតិដោយអន្តរក្រសួង ប្រភេទទី២ លំដាប់ថ្នាក់មធ្យម ត្រឹមថ្នាក់ខេត្តដែល មើលទៅដូចជាមិនធម្មតាទេ ។
គេកត់សម្គាល់ថាបទល្មើសគេចពន្ធកើតមានគ្រប់ច្រកចេញចូលតាមព្រំដែន ពិសេសការរត់ពន្ធសាំងគគ្រឹកគគ្រេង នាបច្ចុប្បន្ននៅតាមច្រកព្រំដែនប៉ែកខាងលិចប្រទេស ដូចជានៅខេត្តបាត់ដំបងជាដើមដែលមានបទល្មើសគេចពន្ធជាច្រើន ខណៈដែលគយខេត្តប្រឹងអួតថា ស្ថាប័នខ្លួនប្រមូលពន្ធបានច្រើននោះ ។
ពាក់ព័ន្ធនឹងការរកស៊ីរត់ពន្ធសាំង និងទំនិញផ្សេងៗបានប្រព្រឹត្តទៅដោយរលូន ហើយការរកស៊ីរបស់ពួកឈ្មួញទុច្ចរិតឃុបឃិតនិងមន្រ្តីគយបង់ពន្ធមិនគ្រប់នោះ គេសង្ស័យថា មិនមែនលោក ឈុន សុភមង្គល មិនដឹងនោះទេ តែទំនងជាកន្ទេលធំបន្លំដេកតែម្តង តាមរយៈការធ្វើមិនដឹងមិនឮនិងមិនបង្ក្រាបតែម្តង ដោយ បើកភ្លើងខៀវឲ្យមន្រ្តីក្រោមឧវាទប្រព្រិត្តអំពើពុករលួយ ។
ការរត់ពន្ធសាំងនិងហ្គាសតាមព្រំដែនប៉ែកខាងលិច ដែលកំពុងកើតមានយ៉ាងគគ្រឹកគគ្រេង ធ្វើឱ្យបាត់ចំណូលពន្ធរាប់លានដុល្លារក្នុងមួយឆ្នាំៗ ហើយថែមទាំងមានវិសមភាព ក្នុងការប្រកួតប្រជែងពាណិជ្ជកម្មថែមទៀតផង ដែលមានន័យថាក្រុមហ៊ុនសុច្ចរិតបង់ពន្ធជូនរដ្ឋត្រឹមត្រូវ រកស៊ីមិនឈ្នះពួកឈ្មួញទុច្ចរិតរកស៊ីគេចពន្ធនោះឡើយ ។
លោក ឈុន សុភមង្គល ដែលជាប្រធានសាខាគយខេត្តបាត់ដំបង ត្រូវបានគេរិះគន់ថា ប្រសិនបើលោកមិនបានឃុបឃិតជាមួយមន្ត្រីគយជាកូនចៅប្រចាំការតាមប៉ុស្តិ៍ គ្រប់ច្រកចេញចូលតាមព្រំដែន តាមរយៈការធ្វើមិនដឹងមិនឮក្នុងការរកស៊ីរត់ពន្ធសាំង ហ្គាស និងទំនិញ តាមច្រកមួយចំនួន ដូចជាច្រកសំពៅលូន ឡែម កំរៀង ភ្នំព្រឹក ជាដើមនោះ តើបទល្មើសទាំងនេះអាចនឹងកើតមានដែរឬទេ ។
ពាក់ព័ន្ធនឹងបញ្ហានេះ មតិសាធារណៈរំពឹងថាស្ថាប័នគយដែលជាស្ថាប័នរកថវិការចូលរដ្ឋ នឹងមានការយកចិត្តទុកដាក់ឲ្យបានខ្ពស់ថែមទៀត ដើម្បីទប់ស្កាត់នូវបទល្មើសនានា ជាពិសេសគយខេត្តបាត់ដំបងដើម្បីលើកកម្ពស់ស្មារតីបទបញ្ជាលេខ ០១.ប.ប ក៏ដូចជាការបង្កើនចំណូលពន្ធជូនរដ្ឋ លើសពីនេះគឺដើម្បីឲ្យមានសមភាពក្នុងការប្រកួតប្រជែងធ្វើអាជីវកម្ម ដែលជាការលើកទឹកចិត្តដល់វិនិយោគគិនសុច្ចរិតផងដែរ ។
គេហទំព័រ ( ពន្លឺសន្តិភាព ) ពុំអាចសុំការបំភ្លឺពីលោក ឈុន សុភមង្គល មេគយខេត្តបាត់ដំបងបានឡើយ ព្រោះគ្មានលេខទូរស័ព្ទ តែនឹងព្យាយាមនៅពេលក្រោយ៕
គេហទំព័រ ( ពន្លឺសន្តិភាព ) 096 7976005 _088 4777854