ភ្នំពេញ៖ បំណុលដែលកម្ពុជាបានជំពាក់ ប្រទេសរុស្ស៊ី កាលពីអតីតសហភាពសូវៀតនោះ ត្រូវបានបង្វិល ទៅជាការវិនយោគនៅកម្ពុជាវិញហើយ។ នេះបើតាមការអះអាងរបស់នាយក រដ្ឋមន្ត្រីរុស្ស៊ី។
ក្នុងជំនួបពិភាក្សាទ្វេរភាគីជាមួយ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក លោក ដិមិទ្រី មីតដ្វេដែវ (Dmitry Medvedev)នាយករដ្ឋមន្រ្តីរុស្ស៊ី សម្រេចបង្វិលបំណុលដែលកម្ពុជា ជំពាក់តាំងពីស្ថិតនៅអតីតសហភាពសូវៀត ទៅជាការវិនិយោគនៅកម្ពុជាវិញ។
ការសម្រេចនេះបន្ទាប់ពី សម្តេចតេជោ ហ៊ុនសែន បានស្នើដល់លោកនាយករដ្ឋមន្ត្រីរុស្សី ពាក់ព័ន្ធបំណុលដែលកម្ពុជាជំពាក់រុស្ស៊ីកន្លងមក។
សម្តេចក៏បានអរគុណចំពោះរុស្ស៊ីដែលបានសន្យាជួយដល់ការធ្វើឲ្យទំនើបនីយកម្មនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
សម្តេចបានចាត់ទុកថា មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត គឺពិតជាមាន តម្លៃបំផុតសម្រាប់កម្ពុជា រួមទាំងវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជាតិចណូផងដែរ។
ក្នុងជំនួបនោះដែរ លោកនាយករដ្ឋមន្រ្តីរុស្ស៊ីបានលើកឡើងថា រុស្សីនឹងបន្តសហការជាមួយកម្ពុជាទៅលើវិស័យ ជាច្រើន រួមទាំងវិស័យ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ដើម្បីឲ្យទំនាក់ទំនង នៃប្រទេសទាំងពីរកាន់តែរឹងមាំទ្វេឡើងថែមទៀត។
លោកបន្តថា ចាប់ពីឆ្នាំ២០១៩ទៅ រុស្ស៊ីនឹងផ្តល់ជំនួយមួយចំនួនដល់ប្រទេស កម្ពុជា ហើយតាមរយៈការបញ្ជូន ប្រធានថ្មីរុស្សី នៃគណៈកម្មការ អន្តររដ្ឋាភិបាលរបស់ប្រទេសទាំងពីរ ដែលគ្រោងនឹងបើកកិច្ចប្រជុំនៅក្នុងខែមករា ឆ្នាំ២០១៩។
ពាក់ព័ន្ធទៅនឹងបំណុលដែលកម្ពុជាជំពាក់នោះ លោកនាយករដ្ឋមន្រ្តីរុស្ស៊ីបានបញ្ជាក់ថា«រុស្ស៊ីនឹងប្រើប្រាស់បំណុលនោះ សម្រាប់ជាការវិនិយោគនៅកម្ពុជា ដែលក្នុងនោះគឺជាអាទិភាព ដ៏ល្អសម្រាប់កម្ពុជាដែលរុស្ស៊ីចង់ជួយ»។
លោកក៏បានជំរាបជូនសម្តេចតេជោ ពីការផ្តល់ជំនួយបច្ចេកទេសមួយចំនួន ក្រៅពីការជួយដល់ការជួសជុលមន្ទីរ ពេទ្យមិត្តភាពខ្មែរសូវៀត រុស្ស៊ីក៏មានបំណងជួយដល់ការជួសជុលប្រាសាទបុរាណមួយចំនួនរបស់កម្ពុជាផងដែរ ដោយសារតែមានអ្នកទេសចរណ៍រុស្ស៊ីជាច្រើន បានទៅ ទស្សនា និងចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសកម្ពុជា៕
គេហទំពរ័ ( ពន្លឺសន្តិភាព ) 096 7976005_ 088 4777854