ខេត្តព្រះសីហនុ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បង្ករឡើងដោយខ្លួនឯង នៅវេលាម៉ោង៤រសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅលើវិថីផែ ចំនុចចំណោតលោកយាយម៉ៅ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបានកើតឡើងដោយខ្លួនឯង ដោយរថយន្តបែនដឹកខ្សាច់ ១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-0638 បើកបរ ដោយឈ្មោះ វ៉ាន់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ អ្នកបើកបរ រថយន្ត មានទីលំនៅ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទិសដៅពីឃ្លាំងលើ ឆ្ពោះទៅកែងរ៉ា លុះដល់ចំណុចខាងលើ ស្ថានភាពផ្លូវចុះចំណោត រថយន្តមានល្បឿនលឿនក៏រ៉េចង្កូតមកខាងឆ្វេងដៃបុករនាំងពុះចែកផ្លូវ រួចបោកក្រឡាប់ត្រឡប់ក្រោយ បណ្ដាលឱ្យ អ្នកបើកបររថយន្តខាងលើខ្ទាតចេញខាងក្រៅ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ។
យោងតាប្រភពដដែលបានបន្តទៀតថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបានបណ្ដាលឱ្យមនុស្ស១នាក់បានស្លាប់ភ្លាមៗ រថយន្តបង្កបានខូចជាទម្ងន់ និងបានបណ្ដាលឱ្យខូចខាតរបាំងពុះចែកផ្លូវអស់ចំនួន៩ផ្ទាំង និងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន១ដើម។
សូមជម្រាបថា សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកវត្ថុតាង រថយន្ត១គ្រឿងខាងលើខូចខាតកំរិតធ្ងន់ត្រូវសមត្ថកិច្ចនគរបាលចរាចរណ៍ បានចាត់ចែងស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរងចាំការដោះស្រាយតាមនិតិវិធីច្បាប់។
គេហទំពរ័ ( ពន្លឺសន្តិភាព ) 096 7976005_ 088 4777854