(រតនគិរី)៖ ប្រភពច្បាស់ការណ៍នៅក្នុងខេត្តរតនគិរី បានបញ្ជាក់ឲ្យដឹងថា មេឈ្មួញរកស៊ីឈើខុសច្បាប់ ឈ្មោះហ៊ូវ ជឺវ៉ៃ និងឈ្មោះ ស៊ីនឿន បាននាំគ្រឿងចក្ររាប់សិបគ្រឿង ចូលទៅក្នុងតំបន់ ព្រៃសហគមន៍ពីរកន្លែងស្ថិតនៅក្នុងស្រុកអូរយ៉ាដាវ និងស្រុកអណ្ដូងមាស ដើម្បីប្រមូលយកឈើទៅលក់ឲ្យឈ្មួញវៀតណាម។
ចំណែកប្រជាសហគមន៍ព្រៃឈើ បានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពកាប់ឈើដោយខុសច្បាប់នេះ មានរយៈពេលជាងពីរខែមកហើយ គឺស្ថិតនៅក្បែរភូមិបាដល ឃុំអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ និងនៅក្បែរភូមិម្លូរ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី ដោយមានឈ្មោះ ប៉ិច ជាអ្នកផ្ដល់លុយរាប់ម៉ឺនដុល្លារ ទៅឲ្យប្រធានសហគមន៍ ឈ្មោះ រចំ ស្មើល ដើម្បីបើកដៃឲ្យមេឈ្មួញឈើទុច្ចរិតទាំងនេះ អាចដឹកនាំគ្រឿងចក្រ និងកម្មករចូលទៅកាប់បំផ្លាញព្រៃឈើសហគមន៍ទាំងបំពានច្បាប់។
មេខ្លោងឈ្មួញឈើល្បីឈ្មោះ ហ៊ូវ ជឺវ៉ៃ ក៏បានជួលកម្មករសម្រុកលួចកាប់ឈើយ៉ាងកក្រើក នៅក្បែរភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ រហូតដល់បង្គោល១៤ និង១៥ ក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស ដោយអូសឈើហ៊ុបមូល តាមរថយន្តកែច្នៃ ចូលក្នុងទឹកទន្លេសេសាន រួចបណ្តែតជាក្បូន ឆ្លងដែនចូលទៅក្នុងទឹកដីវៀតណាម ដូចហែកឋិន ប៉ុន្តែគ្មានមន្ត្រី និងសមត្ថកិច្ចណាហ៊ានក្អកជាមួយមេឈ្មួញរូបនេះឡើយ។
កន្លងមកឈ្មួញឈើខុសច្បាប់ឈ្មោះ ហ៊ូវ ជឺវ៉ៃ បានធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណីតជាទ្រង់ទ្រាយធំ ចេញពីស្រុកអូរជុំ ឆ្លងកាត់ទីរួមក្រុងបាលុង ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដោយដឹកតាមរថយន្តយីឌុបភ្លៅ៦ ដែលក្នុងមួយគ្រឿងអាចផ្ទុកទម្ងន់ឈើពី៩០ទៅ១០០តោន ហើយក្នុងឡានមួយគ្រឿង ត្រូវរត់ការបង់សមត្ថកិច្ចពីថ្នាក់ធំរហូតថ្នាក់ក្រោម ពី២២.០០០ដុល្លារ ទៅ២៣.០០០ដុល្លារ ហើយក្រោយមកមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបង្ក្រាប។
ប៉ុន្តែ ជាបន្តបន្ទាប់ទៀតរហូតសព្វថ្ងៃ ឈ្មួញរូបនេះ បានប្តូររូបភាពដឹកជញ្ជូនឈើប្រណីតដោយខុសច្បាប់តាមរថយន្តប្រភេទទេសចរណ៍វិញ ដើម្បីចូលទៅលក់ក្នុងទឹកដីវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដោយមានការឃុបឃិតពីសមត្ថិកិច្ច និងអាជ្ញាធរខេត្តរតនគិរី។
សូមរំឭកថា កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ សកម្មភាពលើកដាក់ឈើប្រណីតខុសច្បាប់លើរថយន្តយីឌុបចំនួន១០គ្រឿង នៅតាមមាត់ទន្លេសេសាន ក្នុងភូមិសាស្រ្តភូមិហ្វាំង ឃុំប៉ុង ស្រុកវ៉ឺនសៃ ខេត្តរតនគិរី រួចហើយចេញដំណើរកាត់ទីរួមខេត្ត ហើយឡានទម្ងន់១០០តោនទាំងនោះ ធ្វើឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការភាគច្រើន ស្តាយស្រណោះផ្លូវ និងអាណិតប្រមុខដឹកនាំរដ្ឋាភិបាល ដែលខំកសាង និងអភិវឌ្ឍជាតិឲ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ ប៉ុន្តែបែរជាមន្រ្តីអាជ្ញាធរនៅមូលដ្ឋានមួយចំនួនឃុបឃិតគ្នាធ្វើអំពើខុសច្បាប់ រួមគំនិតវគ្នាបំផ្លិចបំផ្លាញធនធានធម្មជាតិ ផ្ទុយទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល។
សកម្មដឹកជញ្ជូនឈើខុសច្បាប់នាកាលនោះ គឺចាប់តាំងពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ ដែលរថយន្តប្រភេទយីឌុបរបស់ឈ្មួញទុច្ចរិតនេះ បានដឹកឈើចេញ និងឆ្លងកាត់ខេត្តរតនគិរី ឆ្ពោះទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី សរុបយ៉ាងហោចណាស់ចំនួន២៤៦គ្រឿង។
ដោយសារមិនមានវិធានការផ្លូវច្បាប់ឲ្យបានតឹងតែង ចំពោះសកម្មភាពកាប់បំផ្លាញ និងដឹកជញ្ជូនផល អនុផលព្រៃឈើនៅក្នុងខេត្តរតនគិរី ទើបក្រុមឈ្មួញឈើទុច្ចរិត នាំមុខដោយឈ្មោះ ហូ ជីវ៉ា បន្តសកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងដែនសហគមន៍ មានទីតាំងស្ថិតនៅរវាងព្រំប្រទល់ស្រុកអណ្ដូងមាស និងស្រុកអូរយ៉ាដាវ រួចដឹកជញ្ជូនឆ្លងទន្លេសេសានចូលទៅក្នុងទឹកដីវៀតណាម ដោយមិនញញើតច្បាប់ឡើយ៕
គេហទំពរ័ ( ពន្លឺសន្តិភាព ) 096 7976005_ 088 4777854
0
ឈ្មួញឈើខុសច្បាប់ឈ្មោះ ហ៊ូវ ជឺវ៉ៃ និងឈ្មោះ ស៊ីនឿន ប្រើគ្រឿងចក្រកាប់បំផ្លាញធនធានព្រៃឈើ ក្នុងស្រុកអូរយ៉ាដាវ និងស្រុកអណ្តូងមាស ខេត្តរតនគិរី

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ