ខេត្តកណ្ដាល ៖ ប្រភពពីក្រុមឈ្មួញ ដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដផ្លូវជាតិលេខ ៣ភូមិអូរត្នោត ឃុំត្បែងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានបញ្ជាក់ឲ្យដឹងថា សព្វថ្ងៃប្រធានជញ្ជីងថ្លឹងរថយន្តមួយកន្លែងនេះកំពុងសប្បាយចិត្តក្នុងការប្រម៉ូលលុយចែកគ្នាធ្វើមានធ្វើបាន យ៉ាងសុខស្រួល បើទោះបីជាមានរថយន្តធំៗសណ្ដោងកន្ទុយរុឺម៉ក ផ្ទុកលើសទម្ងន់ក៏នៅតែអាចឆ្លងកាត់បានទាំងយប់ទាំងថ្ងៃយ៉ាងរលូនដែរ។
ក្រុមឈ្មួញដែលដឹកទំនិញ ដឹកខ្សាច់ ដឹកថ្ម បានប្រាប់ឲ្យដឹងទៀតថា÷ កន្លងមកពួកគាត់តែងតែគោរពច្បាប់ចរាចរណ៍ផ្លូវគោកមិនដែលហ៊ានផ្ទុកឲ្យលើសទម្ងន់នោះទេ ប៉ុន្តែ ! ក៏នៅតែជៀសមិនផុតពីកាបង់លុយថ្លៃបាយទឹក ឲ្យក្រុមមន្ត្រីប្រចាំការនៅស្ថានីយ៍នេះដែរ ពោលគឺ ÷ ( ត្រូវតែបង់តាមការកំណត់ )។
រីឯក្រុមឈ្មួញដែលដឹកលើសទម្ងន់វិញ ក៏មិនដែលឃើញក្រុមមន្ត្រីទាំងនោះអនុវត្តច្បាប់ឃាត់រថយន្តដែលផ្ទុកលើសទម្ងន់កំណត់មកផាកពិន័យ ឬធ្វើការអប់រំម្ដងណាឡើយ ឲ្យតែចុះទៅបង់លុយគឺជាការស្រេច ។
បានន័យថា÷ ដឹកលើសក៏បង់លុយ ដឹកមិនលើសក៏បង់លុយ ផ្ទុកលើសទម្ងន់ក៏អស់លុយ ផ្ទុកមិនលើសទម្ងន់ក៏អស់លុយដូច្នេះត្រូវតែផ្ទុកឲ្យលើសទម្ងន់ឲ្យច្រើនៗទៅ ដើម្បីទប់ទល់ក្នុងការចំណាយតាមស្ថានីយថ្លឹងរថយន្ត។
មជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅដែលស្រឡាញ់ នឹងស្ដាយស្រណោះនូវហេដ្ឋារចនាសម្ព័ន្ធ អគារស្ពាន ផ្លូវថ្នល់ សូមសំណូមពរដល់ឯកឧត្តមប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មេត្តាជួយមើលលោក មុឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាលផង កុំឲ្យលោកភ្លេចខ្លួនបណ្ដែតបណ្ដោយឲ្យមន្ត្រីក្រោមឱវាទធ្វើអ្វីៗតាមតែអំពើចិត្តដូច្នេះ ជាពិសេសលោក ចេង ឃីម ជាប្រធានគ្រប់គ្រងស្ថានីយ៍ចំនួន២តាមដងផ្លូវជាតិលេខ៣ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ៕
( គេហទំព័រ ពន្លឺសន្តិភាព ) ០៩៦៧២៥៨១៩៨/០៨៨៤៧៧៧៨៥៤