បន្ទាយមានជ័យ)៖ប្រភពពីប្រជាពលរដ្ធបានបង្ហើបនឹងមន្ត្រីគយតូចតាចដែលមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺបង់ពន្ធជូនរដ្ឋត្រឹម២៥ទៅ៣០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺឈ្មួញបែងចែកផលប្រយោជន៍លើតុក្រោមតុជាមួយលោក ហ៊ុយ សុជាតិ ប្រធានការិយាល័យគយច្រកប៉ោយប៉ែត ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយជាយូរមកហើយ។ ប្រភពពីមន្ត្រីគយក្នុងខេត្តបន្ទាយមានជ័យ ដែលស្និទ្ធនឹងលោក ហ៊ុយ សុជាតិ បានឲ្យដឹងថា ការដែលលោក ហ៊ុយ សុជាតិ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់មេគយធំៗនៅក្នុងខេត្តបន្ទាយមានជ័យ ផងដែរ។
ប្រភពពីមន្ត្រីគយក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងទៀតថាលោក ហ៊ុយ សុជាតិ ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណាងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលជាតំណែងត្រូវប៉ាន់យ៉ាងខ្លាំង។ ប្រហែលដោយសារលោក ហ៊ុយ សុជាតិ ចំណាយដើមទុនយ៉ាងច្រើននោះហើយទើបបច្ចុប្បន្នលោក ហ៊ុយ សុជាតិ កំពុងប្រើប្រាស់តួនាទីជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ជាងនេះទៅទៀតលោក ហ៊ុយ សុជាតិ មានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាផងដែរ ទើបហ៊ានធ្វើសកម្មភាពប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពដោយមិនខ្វល់ពីវិធានការកែទម្រង់ស៊ីជម្រៅក្នុងស្ថាប័នគយ។
មន្ត្រីគយនៅក្រុងប៉ោយប៉ែត បានបង្ហើបឲ្យដឹងថា ឈ្មួញធំៗដែលនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាន់តែច្រើនឡើងៗគឺជាប្រភពចំណូលដ៏សំខាន់របស់លោក ហ៊ុយ សុជាតិ និងបក្ខពួក។ ផ្ទុយទៅវិញលោក ហ៊ុយ សុជាតិ និងបក្ខពួកបានប្រើអំណាចគាបសង្កត់ឈ្មួញតូចតាច អាជីវករតូចតាច និងពលរដ្ឋដែលនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយគ្មានការយោគយល់បន្តិចណាឡើយ។ ដូច្នេះហើយទើបរឿងអាស្រូវពុករលួយដល់ឆ្អឹងរបស់លោក ហ៊ុយ សុជាតិ មេគយច្រកប៉ោយប៉ែត ត្រូវបានបើកកកាយជាបន្តបន្ទាប់ហើយប្រជាពលរដ្ឋដែលអូសរទេះដឹកជញ្ជូនទំនិញក៏ធ្លាប់ប្រមូលផ្ដុំគ្នាតវ៉ាមុខស្នាក់ការការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ផងដែរ។
សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ បានអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម មេគយធំ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ហ៊ុយ សុជាតិ មេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខ្លះផង។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា បច្ចុប្បន្នលោក ហ៊ុយ សុជាតិ ឃុបឃិតបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ ហើយថែមទាំងមានករណីបន្លំប្រភេទទំនិញទៀតផង។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោក គុណ ញឹម ដែលជាមេគយធំៗ មិនគួរបណ្ដោយឲ្យលោក ហ៊ុយ សុជាតិ និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន៕
គេហទំពរ័ ( ពន្លឺសន្តិភាព ) 088 4777 854