បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្អែកតាមការត្រួតពិនិត្យខាងលើ ផ្នែកខ្លះនៃកំណាត់ផ្លូវនេះសាងសង់មិនទាន់ស្របតាមលក្ខណៈ បច្ចេកទេស ដោយត្រង់ចំណុចដែល បានជួសជុលរួចមានស្នាមបែក ប្រេះ និងសំបុកមាន់ ដែលត្រូវចាត់វិធានការដោះស្រាយឲ្យបានទាន់ពេលវេលា។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា បន្ទាប់ពីធ្វើការជួសជុលនិងកែលម្អឡើងវិញអស់រយៈពេលជាងមួយឆ្នាំមក ផ្លូវជាតិលេខ៣សម្រេចការសាងសង់បានជិត៧០ភាគរយហើយ តែក្រសួងសាធារណការ និងដឹកជញ្ជូនបដិសេធមិនទទួលយកបើផ្លូវមួយខ្សែនេះ មិនទាន់មានគុណភាពល្អគ្រប់គ្រាន់ និងបានដាក់បញ្ជាយ៉ាងកំហិតឲ្យក្រុមហ៊ុនសាងសង់ធ្វើការកែលម្អឡើងវិញ។
ការចុះត្រួតពិនិត្យនេះ ក្រសួងបានរកឃើញថា ផ្នែកខ្លះនៃកំណាត់ផ្លូវនេះសាងសង់មិន ទាន់ស្របតាមលក្ខណៈ បច្ចេកទេស ដោយត្រង់ចំណុចដែល បានជួសជុលរួចមានស្នាមបែកប្រេះ និងសំបុកមាន់ដែលត្រូវចាត់វិធានការដោះស្រាយ ឲ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានដាក់កំហិតឲ្យក្រុមហ៊ុនពិនិត្យ និងកែតម្រូវឡើងវិញឲ្យ បានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ទើបក្រសួងអាចទទួលយកបាន។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ពីគោលជំហរ ក្នុងការពង្រឹងការគ្រប់គ្រងលើការសាងសង់ឲ្យបានម៉ឺងម៉ាត់ ដើម្បីធានាគុណភាពផ្លូវប្រើប្រាស់ជាប់បានយូរអង្វែង ជាផលប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិ និងសម្រាប់បម្រើដល់ភាពងាយស្រួល ក្នុងជីវភាពរស់នៅ និងការធ្វើដំណើរទៅមកព្រមទាំងប្រកបអាជីកម្មផ្សេងៗផងដែរ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ប្រកាន់នូវគោលជំហរយើង “ឈប់ទទួលយកផ្លូវធ្វើជាប់ទៀតហើយ តែយកផ្លូវធ្វើមាំ”។
គួរជម្រាបផងដែរថា កំណាត់ផ្លូវនេះត្រូវបានចាប់ផ្ដើមជួសជុល និងសាងសង់ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨ ដោយប្រើប្រាស់រយៈពេល៥៤ខែ អនុវត្តគម្រោងមានរយៈពេល១៨ខែ និងថែទាំប្រចាំរយៈពេល៣៦ខែ ចំណាយថវិកា ប្រមាណ១២,០៦១លានដុល្លារសហរដ្ឋអាមេរិក ក្រោមគម្រោងឥណទានធនាគារពិភពលោក បច្ចុប្បន្ន គម្រោងផ្លូវនេះអនុវត្តការជួសជុល និងសាងសង់សម្រេចបាន៦៧,៥០%ហើយ និងគ្រោងនឹងបញ្ចប់នៅខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ៕