សៀមរាប៖ ទីតាំងភ្នាល់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៉ីនធើណេត ចំនួន០២កន្លែងនៅកណ្តាលក្រុងសៀមរាប ត្រូវបានកម្លាំងស្នងការរដ្ឋាននគរបាលខេត្តសៀមរាបបង្ក្រាប ក្រោមការដឹកនាំម និងសម្របសម្រួលនិតិវិធី ដោយលោក សំរិទ្ធ សុខុម ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះបង្ក្រាប កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ដោយបានឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធនិងករណីនេះចំនួន១៤នាក់ ស្រី០១។
តាមការអោយដឹងពីមន្ត្រីនគរបាលជំនាញបានអោយដឹងថា៖ ទីតាំងបើកភ្នាល់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៉ីនធើណេត នៅក្នុងទីតាំងប៊ូទិច THE ONE GARDENING ស្ថិតនៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្នុងនោះកម្លាំងនគរបាលបានឃាត់ខ្លួនជនជាតិចិនចំនួន ៧នាក់ (ប្រុស) ដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង រួមទាំងវត្ថុតាំងមួយចំនួន រួមមាន៖ កំព្យួទ័រយួរដែចំនួន០៨គ្រឿង ទូរស័ព្ទដៃចំនួន ១៥គ្រឿង និងសំភារះមួយចំនួនទៀត និងបញ្ជូនមកសាកសួរនៅការិយាល័យសើុបអង្កេត និងអនុវត្តនិតិវិធី នៃស្នងការរដ្ឋាននគរបាលខេត្តសៀមរាប។
ក្រោយពីការសាកសួរជនសង្ស័យទាំង ០៧នាក់រួចមក សមត្ថកិច្ចនគរបាល បានបន្តនីតិវិធីចុះទៅចំណុចខុនដូរ ក្នុងបុរីភើហ្វិក ស្ថិតនៅភូមិគ្រោះ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បាននាំមខ្លួនជនសង្ស័យដែលពាក់ព័ន្ធនិងករណីនេះចំនួន០៧នាក់ ស្រី០១ បន្ថែមទៀត (ចិន០៦នាក់ ខ្មែរ០១នាក់ស្រី) សរុប១៤នាក់ ស្រី០១នាក់។
បច្ចប្បន្នជនសង្ស័យទាំង១៤នាក់ ត្រូវបានលោកព្រះរាជអាជ្ញាសម្រេចអោយឃាត់ខ្លួនបណ្តេះអាសន្ន នៅស្នងការរដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕
ប្រភព នគរបាលយុតិ្តធម៏