ព្រះវិហារ៖ នៅថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩
ដោយបានការចង្អុលបង្ហាញដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានចាត់លោក ឧត្តមសេនីយត្រី រឿង រើន ស្នងការរង ជំនួយការងារដឹកនាំកម្លាំងអន្តរាគមន៍ និងតម្រួតបទបញ្ជា និងក្រុមគ្រូបង្គោលថ្នាក់ខេត្ត ចំនួន៨នាក់ ស្រី២នាក់ ចូលរួមបើកវគ្គបណ្តុះបណ្តាលជំនាញ បង្ការ ទប់ស្កាត់ប្រឆាំងបាតុកម្មដែលមានរយៈពេល ២សប្តាហ៍ នឹងប្រគល់សម្ភារៈហ្វឹកហាត់ដល់សិក្ខាកាមសរុបចំនួន ៣៧នាក់ ស្រី ២នាក់ នៅអធិការដ្ឋាននគរបាលស្រុកជ័យសែន។ គ្រូឧទ្ទេសដឹកនាំការហ្វឹកហាត់រួមមាន លោកវរសេនីយ៍ត្រី ចាន់ ប៊ី អធិការរង និងគ្រូបង្គោលមានចំនួន ៥នាក់។
ក្នុងឱកាសនេះផងដែរ លោកបានមានប្រសាសន៍ដល់ កងកម្លាំងទាំងអស់ត្រូវប្រឹងប្រែងបង្កើតស្នាដៃថ្មីៗដោយអនុវត្តតាមឋានានុក្រម និងរៀនសូត្របន្ថែមដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួន ដកបទពិសោធន៍ គោរពវិន័យ និងគោរពបទបញ្ជារបស់ថ្នាក់ដឹកនាំដែលប្រគល់ជូន។
ជាចុងក្រោយលោកបានពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុករបស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ដល់កងកម្លាំងទាំងអស់ត្រូវមានការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាមពីព្រោះនៅក្នុងតំបន់មួយចំនួនក្នុងខេត្តបានផ្ទុះឡើងនូវជំងឺនេះ ដូច្នេះហើយកងកម្លាំងយើងត្រូវរក្សាសុខភាព អោយបានល្អ និងជាពិសេសត្រូវយក ចិត្តទុកដាក់ខ្ពស់ក្នុងការ រក្សាសន្តិសុខ សុវត្តិភាព ជូនប្រជា ពលរដ្ឋ ក្នុងមូលដ្ឋានឈរជើងរបស់ខ្លួនអោយបានល្អ ៕