ភ្នំពេញ ៖ កម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកយុទ្ធនាការទ្រង់ទ្រាយធំចាប់អ្នកបើកបរល្មើសច្បាប់ចរាចរណ៍ ដោយនៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងនគរបាលត្រួតពិនិត្យអ្នកបើកបរយានយន្ដ បានចំនួន៩៨នាក់ និងឃាត់ខ្លួនអ្នកបើកបរចំនួន៤នាក់ ដែលមានជាតិអាកុលលើសកម្រិត បញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក។
លោករវសេនីយ៍ឯក សែម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា យុទ្ធនាការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងគោរពតាមគោលការណ៍ណែនាំរបស់ អគ្គស្នងការនគរបាលជាតិ និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
បើតាមលោកនាយការិយាល័យរូបនេះ យុទ្ធនាការនេះនឹងត្រូវធ្វើបន្ដដូចភ្លៀងរលឹម ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបាននិងកំពុងកើតមានឡើង។ មួយវិញទៀត សំដៅពង្រឹងប្រសិទ្ធភាពការអនុវត្តច្បាប់ និងចាត់វិធានការចំពោះអ្នកបើកបរទាំងឡាយណាដែលល្មើសច្បាប់ ហើយសម្រាប់អ្នកបើកបរបញ្ច្រាសទឹស ត្រូវរក្សាទុកចំនួន៣ថ្ងៃ និងអ្នកអត់មួក កញ្ចក់ទុកមួយថ្ងៃ ដែលត្រូវផាកពិន័យតាមច្បាប់។
ប្រតិបត្តិការយប់មិញនេះ លោករវសេនីយ៍ឯក សែម គន្ធា បានបញ្ជាក់ថា បានត្រួតពិនិត្យអ្នកបើកបរយានយន្តសរុបចំនួន ៩៨គ្រឿង អ្នកបើកបរម៉ូតូ ចំនួន៥៨គ្រឿង, បានធ្វើការអប់រំអ្នកបើកបរយានយន្ត ដែលមានជាតិស្រវឹងក្រោម ០,២៥ ម្នាក់, ពិន័យអ្នកបើកបរយានយន្ត ដែលមានជាតិស្រវឹងចាប់ពី០,២៥ ដល់០,៣៩ ម្នាក់ និងបានឃាត់ បញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចំពោះអ្នកបើកបរយានយន្តដែលមានជាតិស្រវឹង ចាប់ពី០,៤០ឡើងទៅ ចំនួន០៦នាក់ ក្នុងនោះអ្នកមិនសហការ ចំនួន០២នាក់។
ដោយឡែកលទ្ធផលនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមបណ្តាខណ្ឌទាំង១២ និងអង្គភាពជំនាញប្រចាំថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ទទួលបានលទ្ធផល បានចំនួន៧៤៤គ្រឿង ក្នុងនោះខណ្ឌចំការមន ២៦៩គ្រឿង, ខណ្ឌ៧មករា ១៥៨គ្រឿង, ខណ្ឌទួលគោក ៣៦គ្រឿង, ខណ្ឌដូនពេញ ៤៩គ្រឿង, ខណ្ឌច្បារអំពៅ ១៥គ្រឿង, ខណ្ឌឫស្សីកែវ ៣២គ្រឿង, ខណ្ឌជ្រោយចង្វារ ២៣គ្រឿង, ខណ្ឌមានជ័យ ២០គ្រឿង, ខណ្ឌដង្កោ ៣៦គ្រឿង, ខណ្ឌព្រែកព្នៅ ១៨គ្រឿង និងការិយាល័យចរាចរណ៍ ៨៨គ្រឿង។
ក្នុងនោះ រួមមានបទល្មើសចរាចរណ៍ផ្សេងៗ បានចំនួនដូចជា រថយន្តអត់ស្លាកលេខ ០១គ្រឿង, ម៉ូតូបើកបរបញ្ច្រាសទិស ៣៦គ្រឿង, ម៉ូតូមិនពាក់មួកសុវត្ថិភាព ៥៧១គ្រឿង, ម៉ូតូគ្មានកញ្ចក់មើលក្រោយ ៤១គ្រឿង, ម៉ូតូអត់មួក-អត់កញ្ចក់ ០១គ្រឿង, ម៉ូតូគ្មានស្លាកលេខ ១១គ្រឿង និងម៉ូតូមិនគោរពផ្លាកសញ្ញា ៨៣គ្រឿង៕