(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាម Facebook យ៉ាងដូច្នេះថា៖ ក្នុងពេលបំពេញការងារនៅខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលបណ្តាលអោយមានរឿងឈឺចាប់កើតឡើង។ គាត់បានស្នើរមកខ្ញុំដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ។
ក្នុងនោះសម្តេចបានលើកឡើងថា «ខ្ញុំបានយល់ព្រមអោយគាត់លាលែងនិងបានពិភាក្សាជាមួយ សម្តេច ស ខេង យកឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ។ ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំយុទ្ធនាការរុករកនិងសង្រ្គោះតទៅទៀត រហូតចប់កិច្ចការនិងអភិបាលខេត្តថ្មីចូលកាន់តំណែង។»
សម្តេចបានបញ្ជាក់ថា «ថ្ងៃនេះខ្ញុំបានសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធាន ទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ៕»