ខេត្តកំពង់ឆ្នាំង ៖ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាទូរទស្សន៍ និង វិទ្យុបាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារអញ្ជើញចុះប្រគល់ផ្ទះទេវតា ចំនួន២ខ្នងបន្តទៀត ជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩នេះ។
១. ផ្ទះ ១ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ប្រគល់ជូនលោកតា សូ ចំរើន អាយុ៧៣ឆ្នាំ និងប្រពន្ធឈ្មោះលោកយាយ មុល យុប អាយុ៥៨ឆ្នាំរស់នៅភូមិព្រៃតាំងធ្នង់ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
សូមបញ្ជាក់ផងដែរ កាលពីថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៩កន្លងទៅនេះ មានគ្រោះអកុសល ផ្ទះឈើបាំងជញ្ជាំងស្លឹកត្នោត ដំបូលប្រក់ស្បូវចាស់មួយខ្នង ត្រូវភ្លើងឆាបឆេះខ្ទេចគ្មានសល់អ្វីក្រៅពីសំលៀកបំពាក់ជាប់ខ្លួនមួយចង្កេះ ខណ:ពេលលោកតា និងលោកយាយមិននៅផ្ទះ។
២. ផ្ទះលេខ២៦៦ ប្រគល់ជូនលោកយាយ ផុន យឹម អាយុ៦៥ឆ្នាំរស់នៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលជាអំណោយ ឧបាសិកា គ្រី ប៉ូង និងឧសិកា ភោគ រាជ។
នៅក្នុងពិធីប្រគល់ផ្ទះទេវតានោះ លោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍បញ្ជាក់ថា ជានិច្ចកាលសម្តេចទាំងពីរតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូន គ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ លោកតា លោកយាយ ដែលទទួលបានផ្ទះខាងលើនោះ ក៏បានទទួលអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀត រួមមានសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ និងថវិកាមួយចំនួន។ ជាមួយគ្នានោះដែរ មានប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្សដែលបានចូលរួមអបអរសាទរពិធីប្រគល់ផ្ទះទេវតានេះ ក៏បានទទួលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ រួមមានសម្ភារសិក្សា, នំកញ្ចប់, ខោអាវ, ផ្តល់រទេះរុញដល់ជនពិការចំនួន ១ គ្រឿង និងថវិកាមួយចំនួន៕