ព្រះសីហនុ ៖ បន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅលើសកម្មភាពចាក់អាចម៍ដីរំលោភយកឆ្នេរសមុទ្រដោយខុសច្បាប់ នៅខេត្តព្រះសីហនុ ដែលគេស្គាល់ថា ជាក្រុមហ៊ុនរបស់លោកស្រី ជឹង សុភាព ហៅ យាយភូ ដែលជាភរិយាសមាជិកព្រឹទ្ធសភារួចនោះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំមន្ត្រីជំនាញ ចុះទៅអនុវត្តន៍បទបញ្ជារបស់នាយករដ្ឋមន្ត្រី ឲ្យយាយភូ កាយអាចម៍ដីចេញវិញ ដើម្បីរក្សាស្ថានភាពដើមវិញ។ នៅរសៀលថ្ងៃទី១៨កញ្ញានេះ សកម្មភាពកាយអាចម៍ដីរបស់យាយភូ ចេញពីឆ្នេរសមុទ្រ ព្រែកត្រែង នៅខេត្តព្រះសីហនុ បាន និងកំពុងអនុវត្តជាបណ្តើរៗហើយ។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានដឹកនាំក្រុមការងារ ចុះដល់ទីតាំងឆ្នេរសមុទ្រ ដែលរងនូវការចាក់ដីរំលោភយក នៅឆ្នេរសមុទ្រព្រែកត្រែង ស្ថិតក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដើម្បីអនុវត្តន៍នូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្នុងនាមជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ បានថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងខ្លីថា «ដោយអនុវត្តន៍នូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវផ្អាកសកម្មភាពចាក់អាចម៍ដី រំលោភចូលឆ្នេរសមុទ្រ និងត្រូវកាយយកអាចម៍ដី ដែលចាក់រួចចេញឲ្យអស់ ដើម្បីរក្សាបាននូវស្ថានភាពដើម»។
ក្រុមអ្នកសារព័ត៌មាន បានព្យាយាមសុំការបញ្ជាក់បន្ថែម ជុំវិញវិធានក្តៅគគុកលើសកម្មភាពល្មើសច្បាប់របស់អ្នកមានអំណាច និងមានឥទ្ធិពលរបស់លោកស្រី ជឹង សុភាព ហៅយាយភូ ត្រូវជាភរិយារបស់សមាជិកព្រឹទ្ធសភា ប៉ុន្តែលោករដ្ឋមន្ត្រី ជា សុផារ៉ា បានបដិសេធ មិនធ្វើអត្ថាធិប្បាយឡើយ។
សូមបញ្ជាក់ថា បន្ទាប់ពីវិធានការក្តៅគគុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនេះ គ្រឿងចក្រ បានចាប់ផ្តើមធ្វើសកម្មភាពកាយអាចម៍ដីរបស់យាយភូ ចេញពីឆ្នេរសមុទ្រជាបណ្តើរៗហើយ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។
លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ នាព្រលប់ថ្ងៃទី១៨ ខែកញ្ញានេះ ក្រោយពីមានវិធានការបន្ទាន់ពីថ្នាក់ដឹកនាំថា ពេលនេះ សកម្មភាពចាក់អាចម៍ដីរំលោភយកតំបន់ឆ្នេរព្រែកត្រែងនេះ បានកាយយកអាចម៍ដីចេញជាបណ្តើរៗ។
ដោយឡែក លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ត្រូវបានមន្ត្រីសាលាខេត្តអះអាងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ថា លោក យន្ត មីន បានទៅប្រទេសចិន ច្រើនថ្ងៃមកហើយ។ គាត់មានកម្មវិធីផ្លូវការនៅប្រទេសចិន។
សូមរម្លឹកថា ចាប់តាំងពីសប្តាហ៍មុន ហ្វេសប៊ុកបានបង្ហោះនូវរូបថត ពីសកម្មភាពចាក់ដីលុបឆ្នេរសមុទ្រ នៅព្រែកត្រែង ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ភ្លាមៗនោះ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានប្រាប់អ្នកកាសែតថា ក្រុមហ៊ុន ដែលចាក់ដីលុបឆ្នេរសមុទ្រនោះ ជាក្រុមហ៊ុនរបស់លោកស្រី ជឹង សុភាព ហៅ យាយភូ តែគាត់មិនហ៊ានប៉ះពាល់ឡើយ៕