ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០៩និង៣០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយគណ:បញ្ជាការឯកភាពខណ្ឌទួលគោក ដោយមានកិច្ចសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គណ:បញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក និងដោយមានការចូលរួមពីលោក ទេព សុវាត្តិ ជាក្រឡាបញ្ជីអមផង បានដឹកនាំក្រុមប្រតិបត្តិការចុះត្រួតពិនិត្យ និងបង្ក្រាបជាក់ស្ដែង ករណីលេងល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី) នៅចំណុចទីតាំងផ្ទះលេខ៣០ ផ្លូវលេខ២៧២ ក្រុមទី២៩ ភូមិ៦ សង្កាត់ផ្សាដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមរបាយការណ៍របស់នគរបាលខណ្ឌទួលគោកបានឲ្យដឹងថា ពេលកម្លាំងចុះមកដល់ទីតាំងខាងលើ ត្រូវបានម្ចាស់បើកហ្គេមបាញ់ត្រីចាក់សោរពីខាងក្រៅ ហើយរត់គេចខ្លួនបាត់ ។ សមត្ថកិច្ចនិងដោយមានការអនុញ្ញាតពីម្ចាស់ផ្ទះដើមឈ្មោះ តាំង ឡុង ភេទប្រុស អាយុ៧៧ឆ្នាំ ជនជាតិខ្មែរ បានយកជាងសោរមកឆ្កឹះសោរផ្ទះរួចចាក់ហើយចូល ពិនិត្យមើលខាងក្នុងផ្ទះក៏ឃើញវត្ថុតាងរួមមាន ៖
១-ទូរហ្គេមបាញ់ត្រីចំនួន០២គ្រឿង (បាត់ប្រអប់បញ្ជារ)
២-កៅអីសំរាប់អង្គុយចំនួន០៩
៣-កង្ហារបញ្ឈរចំនួន០២គ្រឿង
៤-ម៉ាស៊ីនកាម៉េរ៉ាសុវត្ថិភាពម៉ាក HIK VISION ចំនួន០១គ្រឿង ។
ក្រុមប្រតិបត្តិការ បានសម្រេចចាប់យកវត្ថុតាងខាងលើ យកមករក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោកជាបណ្ដោះអាសន្ន ដោយទីតាំងប្រព្រឹត្តបទល្មើស (ផ្ទះលេខ៣០) ផ្លូវលេខ២៧២ ក្រុមទី២៩ ភូមិ៦ សង្កាត់ផ្សាដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រុមប្រតិបត្តិការសម្រេចបិទឃ្លុំបេផ្ទះ ជាបណ្ដោះអាសន្ន ។
បច្ចុប្បន្ន សម្ភារវត្ថុតាងពាក់ព័ន្ធល្បែងខាងលើ សមត្ថកិច្ចបានដឹកយកមករក្សារទុក នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ជាបណ្ដោះអាសន្ន ៕