ភ្នំពេញ ៖នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានណែនាំរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធមិនត្រូវមានទស្សនៈស្អប់ ឬខឹង ចំពោះការរិះគន់ ឬការផ្ដល់យោបល់កែតម្រូវពីក្រុមសង្គមស៊ីវិលនោះឡើយ ។សម្តេចក្រឡាហោម បានថ្លែងថា ការលើកឡើងរបស់ក្រុមសង្គមស៊ីវិលជាសិទ្ធិសេរីភាពមួយ ហើយផ្ទុយទៅវិញ ដើម្បីជាប្រយោជន៍ជាតិយើងត្រូវអញ្ជើញពួកគាត់មកពីគ្រោះយោប ល់លើបញ្ហានោះ ដើម្បីឲ្យមានការយល់ពីគ្នាទៅវិញទៅមកក្នុងនាមជាដៃគូ ។សម្ដេចបានសង្កត់ធ្ងន់ថា« ការមានទស្សនៈខុសគ្នាមិនមែនជារឿងអាក្រក់នោះទេ ប៉ុន្តែត្រូវស្ដាប់ហេតុផលគ្នា ហើយរកចំណុចរួមដោយយកច្បាប់ជាគោលក្នុងការដោះស្រាយបញ្ហាផ្សេងៗ»។
សម្តេចស ខេង ក៏បានឲ្យក្រុមសង្គមស៊ីវិលមានកិច្ចសហការជាមួយអាជ្ញាធរដូចគ្នាដែរតាមរយៈការគោរពគ្នាទៅវិញទៅមក ។ជាមួយគ្នានោះ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រីបានណែនាំឲ្យទប់ស្កាត់រាល់ឧ បាយកលបង្កភាពចលាចល់ និងអស្ថេរភាពនយោបាយក្នុងប្រទេសពីព្រោះប្រសិនបើកើតមាន បញ្ហានេះប្រទេសជាតិនឹងមិនមានឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមពេញលេញឡើយ ហើយត្រូវអប់រំណែនាំពលរដ្ឋឲ្យបានដឹងពីសារៈសំខាន់នៃកត្តាសុខ និងសន្តិភាពនេះ ។ពាក់ព័ន្ធនឹងការងារសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមសម្ដេចក្រឡហោម ស ខេង បានណែនាំឲ្យបន្តលើកទឹកចិត្តពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធរួមគ្នាអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។ ក្នុងនោះសម្ដេចបានសង្កត់ធ្ងន់អំពីការលុបបំបាត់គ្រឿងញៀនគ្រប់មូលដ្ឋានខេត្តព្រៃវែង ។ សម្ដេចបានបន្តថា គ្រឿងញៀនជាបុព្វហេតុនាំឲ្យមានបទល្មើសកើតឡើងច្រើនក្នុងសង្គម ហើយវាថែមទាំងបំផ្លាញធនធានមនុស្សរបស់ជាតិទៀតផង ពិសេសយុវជនដែលកំពុងពេញកម្លាំងដូច្នេះទាំងក្រុមការងារមន្ត្រីមូលដ្ឋាន និងពលរដ្ឋត្រូវរួមដៃគ្នាលុបបំបាត់គ្រឿងញៀនឲ្យបានពីព្រោះគ្រឿងញៀនបានទៅដល់មូលដ្ឋានហើយ។