ថ្មីៗនេះក្រុមអ្នករត់ការឯកសារនាំចូលទំនិញតាមច្រក អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ បានឲ្យដឹងថា ពួកគេត្រូវបង់លុយពី៣៥ ដុល្លារទៅ៧៥ដុល្លារសម្រាប់ឯកសារដែលគ្មានកំហុស ហើយសម្រាប់ឯកសារដែលមានកំហុស បន្តិចបន្តួចត្រូវមន្ត្រីគយប្រចាំច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលជាកូនចៅរបស់លោក លឹម សម្បត្តិ គាបយកលុយតាមតែអំពើចិត្ត។
បញ្ហានេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរបណ្ដែតបណ្ដោយឲ្យលោក លឹម សម្បត្តិ មេគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើអ្វីៗតាមអំពើចិត្តទៀតនោះឡើយ។
ដោយហេតុថា ទើបតែមកកាន់តំណែងជាប្រធាន ការិយាល័យគយច្រកអាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញត្រឹម មួយរយៈពេលខ្លីសោះបែរជាលោក លឹម សម្បត្តិ ប្រព្រឹត្តអំពើពុករលួយខ្លាំង ជាងមេគយប្រចាំច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនៗទៅទៀត។
ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបង្ហើបឲ្យដឹងថា ក្រោយពេលទទួលបានតំណែងជាប្រធានការិយាល័យគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួចមកគឺលោក លឹម សម្បត្តិ ប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពដោយគ្មាន ញញើតអ្វីទាំងអស់។
ជុំវិញបញ្ហានេះប្រភពដែលស្និទ្ធនឹងលោក លឹម សម្បត្តិ បានឲ្យដឹងថា ដោយសារចំណាយប្រាក់យ៉ាងច្រើនក្នុងការទទួលបាននូវតំណែង ជាមេគយប្រចាំច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ ទើបលោក លឹម សម្បត្តិ ខំប្រឹងប្រព្រឹត្តអំពើពុករលួយដើម្បីស្រង់ដើមយ៉ាងតក់ក្រហល់យ៉ាងនេះ។
ជាក់ស្ដែងក្រុមអ្នករត់ការឯកសារក្រុមហ៊ុននាំចូលទំនិញតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្នលោក លឹម សម្បត្តិ និងបក្ខពួកគាបយកលុយពីពួកគេតាមតែអំពើចិត្តដោយគ្មានញញើតអ្វីឡើយ។
ប្រភពពីក្រុមអ្នករត់ការឯកសារនាំចូលទំនិញតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ពួកគេប្រឈមនឹងការលំបាកកាន់តែខ្លាំងឡើងៗព្រោះមួយរយៈចុងក្រោយនេះពួកគេត្រូវចំណាយលុយលើតុក្រោមតុបង់ឲ្យលោក លឹម សម្បត្តិ មេគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាន់តែច្រើនឡើងៗ។
ប្រភពបានឲ្យដឹងទៀតថា
ទី១-ត្រូវបង់ឲ្យមន្ត្រី គយទទួលផែនចុះលេខចំនួន៥ដុល្លារ ។
ទី២-បង់លុយ២០ដុល្លារ សម្រាប់មន្ត្រីគយផ្នែកគណនេយ្យ។
ទី៣-ត្រូវបង់១០ដុល្លារសម្រាប់ប្រធានផ្នែកត្រួតពិនិត្យ ហើយត្រូវបង់១០ដុល្លារទៀតសម្រាប់ផ្នែកផែនការ។
ទី៤-បង់២០ដុល្លារសម្រាប់មន្ត្រីគយផ្នែកកាត់ស្ដុក។
ទី៥-បង់ឲ្យអនុប្រធានការិយាល័យចំនួន៥ដុល្លារថែមទៀត។
ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាត់វិធានការទប់ស្កាត់អំពើ ពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក លឹម សម្បត្តិ មេគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងបក្ខពួកខ្លះផងព្រោះពួកគេកំពុងបំពានលើវិធានការកែទម្រង់ស៊ីជម្រៅ ។ បឋម